អាជ្ញាធរខេត្តត្បូងឃ្មុំហាក់ដូចជាស្ងប់ស្ងៀមនឹងទីតាំងល្បែងស៊ីសងកាស៊ីណូភូមិយើង ខណៈពលរដ្ឋខ្មែរនាំគ្នាសម្រុកចូលលេងភ្លូកទឹកភ្លូកដី

ខេត្តត្បូងឃ្មុំ ៖ ល្បែងស៊ីសងកាស៊ីណូភូមិយើង ដែលមានទីតាំងស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងតែដំណើរការបើកលេងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ប៉ុន្តែអ្វីដែលគួរឲ្យកត់សំគាល់នោះ គឺអាជ្ញាធរហាក់ដូចជាស្ងប់ស្ងៀមមិនយកចិត្តទុកដាក់ទប់ស្កាត់ហាមឃាត់កុំឲ្យពលរដ្ឋខ្មែរចូលលេងល្បែងក្នុងកាស៊ីណូភូមិយើង ព្រោះផ្ទុយទៅនឹងសារាចរណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាច្បាប់បើកកាស៊ីណូ។

បើតាមប្រភពពីក្រុមអ្នកញៀនល្បែងបានបង្ហើបប្រាប់អង្គភាពព័ត៌មាន “ភ្នំពេញដេលី” Phnom Penh daily media ឲ្យដឹងថា នៅក្នុងកាស៊ីណូភូមិយើង មានបង្កប់ល្បែងស៊ីសងជាច្រើនមុខដូចជា, ភ្នាល់បញ្ជាល់មាន់, បៀ, អាប៉ោង, យូគី រួមនិងល្បែងស៊ីសងផ្សេងៗជាច្រើនមុខទៀត ហើយអ្នកចូលទៅលេងទីនោះ (កាស៊ីណូភូមិយើង) ៩៥ភាគរយជាពលរដ្ឋខ្មែរ ស៊ីសងចាញ់ឈ្នះក្នុងលក្ខណៈទ្រង់ទ្រាយធំចាប់ពី៥០ដុល្លារ រហូតដល់ខ្ទង់រយ ខ្ទង់ពាន់ដុល្លារ ហើយអាជ្ញាធរខេត្ត គួរតែទទួលខុសត្រូវក្នុងរឿងនេះមុនគេ។

បើតាមប្រភពក្រៅផ្លូវការបានឲ្យដឹងថា ម្ចាស់កាស៊ីណូភូមិយើង ជាអ្នកមានធនធានស្តុកស្តម្ភ មិនចាញ់ឧកញ៉ាៗមួយចំនួនឡើយ ថែមទាំងមានខ្នងបង្អែកយ៉ាងក្រាស់ខ្មឹកទៀតផង ទើបធ្វើឲ្យអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏ដូចជាឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មិនហ៊ានក្អក ហើយសម្ងំសន្សំសុខរៀងៗខ្លួន។

ពាក់ព័ន្ធទៅនឹងច្បាប់ ក៏ដូចជាល្បែងក្នុងកាស៊ីណូភូមិយើងនេះដែរ ឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក៏ដូចជាម្ចាស់កាស៊ីណូភូមិយើងមិនទាន់អាចសុំការបញ្ជាក់បាននៅឡើយទេគិតត្រឹមម៉ោងផ្សាយនេះ។

ដោយឡែក អភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន “ភ្នំពេញដេលី” Phnom Penh daily media ដោយខ្លីកាលពីល្ងាចថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០ ម្សិលមិញនេះថា ជាគោលការណ៍ខេត្តអត់មានសិទ្ធិចេញច្បាប់ទេ ប៉ុន្តែគេមានច្បាប់អនុញ្ញាតពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ..!។

ទោះជាយ៉ាងណា មជ្ឈដ្ឋានជាច្រើនបានធ្វើការអំពាវនាវតាមរយៈ “ភ្នំពេញដេលី” Phnom Penh daily media ស្នើដល់ឯកឧត្តម នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិគួរតែមានវិធានការចុះបង្ក្រាបជាបន្ទាន់ដើម្បី ៖

១- ទប់ស្កាត់ការឆ្លង នៃជំងឺកូវីដ១៩ ខណៈដែលរាជរដ្ឋាភិបាលកំពុងតែព្រួយបារម្ភ ចំពោះជំងឺដ៏កាចសាហាវនេះ ថែមទាំងបានដាក់ចេញនូវវិធានការទប់ស្កាយ់ជាបន្តបន្ទាប់។

២- ទប់ស្កាត់មិនឲ្យពលរដ្ឋខ្មែរចូលលេង ដើម្បីអនុវត្តន៍តាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាច្បាប់បើកកាស៊ីណូ៕ ដោយ ៖ ថោង មុន្នីឧត្តម