ការគ្រប់គ្រងសណ្ដាប់ធ្នាប់នៅតំបន់ប្រាសាទមានសារសំខាន់ដែលពលរដ្ឋគ្រប់រូបគួរចូលរួម

ខេត្តសៀមរាប៖ ការគ្រប់គ្រងសណ្ដាប់ធ្នាប់ អនាម័យ និងការលក់ដូរក្នុងតំបន់រមណីយដ្ឋានអង្គរ មានសារសំខាន់ណាស់ ដើម្បីរៀបចំតំបន់នេះឱ្យមានសណ្ដាប់ធ្នាប់ល្អ ស័ក្តិសមជាទីសក្ការៈបូជា និងជាគោលដៅទេសចរណ៍​សម្រាប់ពិភពលោក។

លោកស្រី ចាន់ ឧត្តមបញ្ញា ប្រធានភ្នាក់ងារសណ្ដាប់ធ្នាប់ប្រចាំក្រុងអង្គរធំ បានឱ្យដឹងថា ការងាររៀបចំសណ្ដាប់ធ្នាប់ តូបលក់ដូរនៅតំបន់នេះគឺមានការរៀបចំចាប់ពីឆ្នាំ២០១១មក ក្នុងន័យសម្រួលនិងរៀបចំតំបន់នេះឱ្យមានរបៀបរៀបរយ សណ្ដាប់ធ្នាប់ល្អ និងលើកតម្លៃរបស់រមណីយដ្ឋានអង្គរ។ លោកស្រីបន្តថា នៅក្រុងអង្គរធំ ក្រុមការងារអាជ្ញាធរជាតិអប្សរា​បានរៀបចំទីតាំង៣សម្រាប់ឱ្យអាជីវករលក់ដូរ ដូចជានៅខាងលិច​ប្រាសាទបាយ័ន វត្តទេពប្រណម្យ និងមុខប្រាសាទព្រះពិធូរ។

ទាក់ទងនឹងការលក់ដូរនេះដែរ លោកស្រី ចាន់ ឧត្តមបញ្ញា បានបញ្ជាក់ថា ក្រុមការងារលោកស្រីជាបន្តបន្ទាប់ តែងចុះរៀបចំនៅតាមតូបលក់ដូរនីមួយៗ ទាំងការលក់ ការដាក់សំរាម បញ្ហាអនាម័យ និងការរៀបចំសម្ភារលក់ដូរ ឬកៅអីអង្គុយ តម្រូវឱ្យអាជីវកររៀបចំឱ្យបានសមរម្យ​មិនឱ្យហៀរចេញមកមុខតូបលក់ដូរពេកនោះទេ។ ដោយឡែកក្នុងនោះក្រុមការងារ​ក៏មានភារកិច្ច​ទប់ស្កាត់ការលក់ដូរចល័តថ្មីៗក្នុងតំបន់ប្រាសាទផងដែរ។ ចំណុចនេះ បញ្ញា ពន្យល់ថា ប្រសិនបណ្ដោយឱ្យអ្នកលក់ដូរថ្មីៗចូលមកលក់នៅតំបន់ប្រាសាទ នោះនឹងមានភាពរញ៉េរញ៉ៃ គ្មានសណ្ដាប់ធ្នាប់ ហើយទេសចរក៏មិនពេញចិត្ត​នូវរូបភាពបែបនេះដែរ។

យ៉ាងណាមិញ ការងារទាំងនេះតែងមានបញ្ហាប្រឈមខ្លះពីសំណាក់អាជីវករអ្នកលក់ចល័តតាមរ៉ឺម៉ក ឬម៉ូតូ កង់ជាដើម។ ក្នុងនាមជារក្សាសណ្ដាប់ធ្នាប់ និងអ្នកការពារអង្គរមួយរូប បញ្ញា ប្រាប់ថា ក្រុមការងាររបស់ខ្លួនមិននឿយហត់ចំពោះការណែនាំឱ្យអ្នកលក់យល់ពីបំណងនៃការរៀបចំទាំងនោះទេ ហើយចុងក្រោយតែងមានដំណោះស្រាយល្អ រីឯអ្នកលក់ទាំងនោះយល់ពីកាតព្វកិច្ចរបស់​ក្រុមការងារសណ្ដាប់ធ្នាប់ផងដែរ៕