នាយករដ្ឋមន្ត្រីវៀតណាម ទទួលបដិសណ្ឋារកិច្ចផ្លូវការចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត

វៀតណាម៖ បន្ទាប់ពីបានទៅដល់ប្រទេសវៀតណាម នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលរៀបចំដោយ លោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរដ្ឋធានីហាណូយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅប្រទេសវៀតណាម តបតាមការ អញ្ជើញរបស់លោក ផាម មិញ ជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម។អញ្ជើញអមដំណើរសម្ដេចធិបតីទៅកាន់ប្រទេសវៀតណាម រួមមាន ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជន នៃសភាពាណិជ្ជកម្មកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ (១១,១២ ខែធ្នូ) សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រី ផាម មិញ ជិញ មានកម្មវិធីជួបប្រជុំទ្វេភាគី ក្នុង គោល បំណងបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន អប់រំ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារជាតិ និងកិច្ច ការព្រំដែន ជាដើម។

បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម ក៏នឹងត្រូវលើកយកមក ពិភាក្សា ផងដែរ។ នាយករដ្ឋមន្ត្រីទាំងពីរ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើឯកសារកិច្ចព្រម ព្រៀងមួយចំនួន និងធ្វើជាសហអធិបតីក្នុងវេទិកាកម្ពុជា-វៀតណាម ស្ដីពីការជំរុញពាណិជ្ជកម្ម និង វិនិយោគ៕