សមត្ថកិច្ចមិនហ៊ានបង្ក្រាបទីតាំងល្បែងស៊ីសងតាមអនឡាញដុះស្លែនៅក្រោយទូតបារាំង និងមុខវិហារឥស្លាម តំបន់បឹងកក់

ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងតាមអនឡាញដុះស្លែ នៅខាងក្រោយស្ថានទូតបារាំង និងនៅមុខវិហារឥស្លាម តំបន់បឹងកក់ ផ្លូវលេខ៨៦ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលប្រភពបានឲ្យដឹងថា កើតមានជាយូរយាមកហើយ ប៉ុន្តែសមត្ថកិច្ចបែរជាមិនធ្វើការបង្ក្រាប ធ្វើឲ្យមជ្ឈដ្ឋានជាច្រើនសង្ស័យថា អាចត្រូវរ៉ូវគ្នាប្រមូលលុយដាក់ថ្ងៃ ដាក់ខែផងក៏មិនដឹង ដែលទាមទារឲ្យអភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ គួរតែមានវិធានការចុះបង្ក្រាបជាបន្ទាន់ ដើម្បីអនុវត្តន៍តាមគោលការណ៍ ៩ចំណុច ភូមិ-ឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ធ្លាប់បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ អភិបាលខណ្ឌ ក៏ដូចជាអធិការខណ្ឌទាំង១៤ ត្រូវតែធ្វើការបង្ក្រាបល្បែងស៊ីសងឲ្យអស់ ពិសេសល្បែងតាមអនឡាញ បើសិនខណ្ឌណានៅតែកើតមាន អភិបាលខណ្ឌនោះនឹងប្រឈមការដកតំណែងចោលភ្លាម ប៉ុន្តែបទបញ្ជារបស់ អភិបាលរាជធានីភ្នំពេញ បែរជាសាបដូចទឹកទន្លេ គ្មានប្រសិទ្ធភាពទាល់តែសោះ៕ ដោយ ៖ សហការី