អាមេរិកព្រមានពីការ​ផ្ទុះ​ករណី​ឆ្លង​កូ​វីដ​ខ្លាំង​ឡើងវិញ ក្រោយ​ថ្ងៃ​ឆ្លង​ឆ្នាំ​

វ៉ាស៊ីនតោន​ ៖ អ្នកជំនាញ​សុខភាព​របស់​សហរដ្ឋ​អាមេរិក បាន​អំពាវនាវ​ឱ្យ​ជនជាតិ​អាមេរិក​ទាំងអស់​ត្រៀមខ្លួន សម្រាប់​ការផ្ទុះ​ឡើងវិញ​នូវ​ករណី​ឆ្លង​នៃ​ជំងឺ​កូ​វីដ១៩ ដែលមាន​ការគំរាមកំហែង​ពី​វីរុស Omicron នៅក្នុង​សប្តាហ៍​ដំបូង​នៃ​ឆ្នាំ២០២២ ខាងមុខ ហើយ​អាច​នឹង​ផ្ដល់​ផលប៉ះពាល់​ដល់​មន្ទីរពេទ្យ សាលារៀន និង​វិស័យ​ផ្សេងទៀត​ផងដែរ​។

លោក​វេជ្ជបណ្ឌិត Michael Osterholm អ្នកជំនាញ​ជំងឺឆ្លង​នៅ​សាកលវិទ្យាល័យ Minnesota បាន​ឲ្យ​ដឹងថា ក្រោយ​ថ្ងៃ​ឆ្លង​ឆ្នាំនេះ​ករណី​ឆ្លង​នៃ​ជំងឺ​កូ​វីដ ១៩ អាច​នឹងមាន​ការកើនឡើង​ខ្លាំង​ខុសពី​ធម្មតា ស្រប​ពេលដែល​វីរុស ឆ្លង​រហ័ស Omicron កំពុង​ចរាចរ​ផង​នោះ​។​

គួរ​បញ្ជាក់ថា ការព្រមាន​នេះ​បានកើត​ឡើង​នៅពេលដែល​សហរដ្ឋអាមេរិក ប្រកាស​រកឃើញ​ករណី​ឆ្លង​ឈានដល់​កម្រិត​ខ្ពស់បំផុត២ថ្ងៃ​ជាប់ៗ គ្នា ដោយ​ផ្អែកលើ​មធ្យមភាគ​រយៈពេល៧ថ្ងៃជាមួយនឹង​ករណី​ឆ្លង​ថ្មី​ជាង ២៩០,០០០ ករណី ត្រូវបាន​រាយការណ៍​ជា​រៀងរាល់ថ្ងៃ​៕