គ្រោះរអិលបាក់ដី នៅប្រទេសនេប៉ាល់ ឆក់យកជីវិតមនុស្ស១២នាក់ និង២១នាក់ទៀតបាត់ខ្លួន

នេប៉ាល់ ៖ មនុស្សយ៉ាងហោចណាស់ចំនួន១២នាក់បានស្លាប់បាត់បង់ជីវិត និង២១នាក់ផ្សេងទៀតបាត់ខ្លួនក្នុងករណីគ្រោះរអិលបាក់ដីដែលបង្កឡើងដោយទឹកភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារភូមិចំនួនពីរនៅប្រទេសនេប៉ាល់ នៅថ្ងៃអាទិត្យនេះ។ នេះបើយោងតាមសារព័ត៌មាន CNA។

មន្ត្រីរដ្ឋាភិបាលនេប៉ាល់ លោក Murari Wasti បានគូសបញ្ជាក់ថា មានមនុស្សចំនួន១០បានស្លាប់ និង២១នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីការរអិលបាក់ដីដ៏ធំមួយ បានវាយប្រហារផ្ទះសម្បែងជាច្រើនខ្នង នៅទីប្រជុំជន Barahbise ស្ថិតនៅចម្ងាយ ១០០គីឡូម៉ែតភាគខាងកើតនៃទីក្រុង Kathmandu ជាប់ព្រំដែនជាមួយតំបន់ទីបេនៃប្រទេសចិន។ ចំណែកឯ មនុស្សស្លាប់ ០២នាក់ទៀតនៅទីប្រជុំជន Baglung ស្ថិតនៅភាគពាយព្យ។

ក្រុមអ្នកជួយសង្រ្គោះបាននិយាយថា គ្រោះរអិលបាក់ដីទាំងពីរខាងលើ បានវាយប្រហារមកលើផ្ទះអ្នកភូមិ នាវេលាទាបភ្លឺ ខណៈដែលប្រជាជនមិនអាចរត់គេចខ្លួនទៅកាន់ទីសុវត្ថិភាពបាន។ ករណីអ្នកស្លាប់ចុងក្រោយនេះ បានធ្វើឲ្យចំនួនមនុស្សស្លាប់ដោយសារគ្រោះបាក់ដី និងទឹកជំនន់នៅរដូវវស្សាចាប់ពីខែមិថុនា ដល់ខែកញ្ញានេះ កើនដល់ ៣១៤នាក់។ យ៉ាងហោចណាស់មានមនុស្ស ១១១ នាក់នៅតែបាត់ខ្លួន និង ១៦០នាក់ទៀតរងរបួស៕