កាន់តែ​ធ្ងន់ធ្ងរ​! ករណី​ឆ្លង​កូ​វីដ​១៩​នៅ​ប្រេ​ស៊ី​ល​កើនឡើង​ដល់​៤,៣​លាន​នាក់​

ប្រេស៊ីល ៖ ​ប្រទេស​ប្រេ​ស៊ី​ល​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​បាន​និយាយថា ​មនុស្ស​៤១៥​នាក់​បាន​ស្លាប់​ដោយសារ​វី​រុ​កូ​វីដ​១៩​ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ ដែល​បាន​នាំ​ឲ្យ​ចំនួន​ស្លាប់​សរុប​នៅ​ទូទាំងប្រទេស​កើនឡើង​ដល់ ១៣១.៦២៥ នាក់​។​ នេះ​បើ​យោងតាម​ប្រភពពី ស៊ិន​ហួរ​។​

​យោងតាម​ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​ដូចគ្នានេះដែរ​ការធ្វើ​តេស្ត​បាន​រកឃើញ​មាន​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន ១៤.៧៦៨​ករណី​បន្ថែមទៀតដែល​នាំ​ករណី​ឆ្លង​សរុប​ចាប់តាំងពី​ការផ្ទុះ​ឡើង​នៅ​ប្រទេស​ប្រេ​ស៊ី​ល​បាន​កើន​ឡើងដល់​៤៣៣០.៤៥៥ នាក់​។​

​ចំនួន​ករណី​ថ្មី​មាន​ចំនួន​ប្រហែលជា​ពាក់កណ្តាល​នៃ​ករណី​ជា​មធ្យម​ប្រចាំ​សប្តាហ៍​កាលពី​សប្តាហ៍​មុន ប៉ុន្តែ​ក្រុមមន្ត្រី​បានចង្អុលបង្ហាញ​របាយ​ការណ៍​ចុង​សប្តាហ៍​ហាក់ដូចជា​ទាប​ជាង​មុន នៅ​ថ្ងៃ​សៅរ៍​ និង​ថ្ងៃអាទិត្យ​។​ ទន្ទឹមនឹងនេះ​រលក​កំដៅ​បាន​ជះឥទ្ធិពល​ដល់​ភាគ​អាគ្នេយ៍​ប្រទេស​ប្រេ​ស៊ី​ល​ដែលជា​ចំណុចកណ្តាល​នៃ​ការ​ផ្ទុះឡើង​នៃ​ជំងឺត្រូវបាន​ឃើញថា ​ប្រជាជន​នៅ​រដ្ឋ​សៅ​ប៉ូ​ឡូ​ និង​រី​យ៉ូ​ដឺ​ហ្សា​ណេ​រ៉ូ​បាន​ប្រមូលផ្តុំ​គ្នា​នៅលើ​ឆ្នេរ​ខ្សាច់​អស់​រយៈពេល​ពីរ​សប្តាហ៍​ជាប់ៗ​គ្នា​។​

​សៅ​ប៉ូ​ឡូ​ជា​រដ្ឋ​ដែលមាន​អ្នកស្លាប់​និង​ករណី​ភាគច្រើន​នៃ COVID-១៩ គឺ ៣២.៦០៦ និង ៨៩២.២៥៧ នាក់​។ ទីក្រុង​រី​យ៉ូ​ដឺ​ហ្សា​នេ​រ៉ូ​មាន​ចំនួន​អ្នកស្លាប់​ច្រើនជាងគេ​ទី ២ គឺ ១៦.៩៩០ នាក់​។​

​សូមជម្រាបថា ប្រទេស​ប្រេ​ស៊ី​ល​មាន​ចំនួន​អ្នកស្លាប់ COVID-19 ខ្ពស់​ជាងគេ​លំដាប់​ទី ២ នៅលើ​ពិភពលោក​បន្ទាប់ពី​សហ​រដ្ឋ​អាមេរិក ​និង​ជា​ករណី​ធំជាងគេ​ទី៣ លើ​ពិភពលោក​៕