អាជ្ញាធរជាតិអប្សរាស្វាគមន៍គ្រប់ស្ថាប័នដើម្បីចូលរួមដាំកូនឈើក្នុងរមណីយដ្ឋានអង្គរ

ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងធនាគារ CIMB បានរៀបចំពិធីដាំកូនឈើចំនួន ១,៥០០ដើម នៅបរិវេណប្រាសាទបន្ទាយក្ដី ក្រោមប្រធានបទ «យើងដាំ យើងចំណាំ យើងថែរក្សា ប្រាង្គប្រាសាទដែលជាបេតិកភណ្ឌមនុស្សជាតិ»។ ពិធីនេះប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ក្រោមវត្តមានឯកឧត្តម ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោក ប៊ុន យីម នាយកប្រតិបត្តិនៃធនាគារ CIMB ឯកឧត្តម ឈិត បូរ៉ាវុធ ប្រធានក្រុមមេធាវីអាជ្ញាធរជាតិអប្សរា ព្រមទាំងព្រះសង្ឃ បុគ្គលិកធនាគារ CIMB និងមន្រ្តី បុគ្គលិកអាជ្ញាធរជាតិអប្សរាសរុបទាំងអស់ប្រមាណជាង៦០០ អង្គ/នាក់។

ក្នុងពិធីនៅពេលនោះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ក្នុងនាមឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានសម្ដែងអារម្មណ៍រីករាយ និងរំពឹងថា ស្ថាប័នសាធារណៈពាក់ព័ន្ ធនិងស្ថាប័នឯកជនដទៃទៀត នឹងបន្តចូលរួមកាន់តែច្រើនក្នុងការដាំកូនឈើក្នុងរមណីយដ្ឋានអង្គរ ព្រោះថា កិច្ចការថែទាំបេតិកភណ្ឌមិនមែនជាភារកិច្ចអាជ្ញាធរជាតិអប្សរាតែម្នាក់ឯងនោះទេ ប៉ុន្តែជាភារកិច្ចសម្រាប់កូនខ្មែរគ្រប់រូប។

លោក ឡុង កុសល បានបន្តលើកទឹកចិត្តដល់សាធារណជន ស្ថាប័នរដ្ឋ និងឯកជននានា ដែលមានបំណងរៀបចំពិធីដាំកូនឈើក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីរួមចំណែកលើកិច្ចការអភិរក្សប្រាង្គប្រាសាទក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ព្រោះព្រៃឈើបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការការពារ និងអភិរក្សបាង្គប្រាសាទ។

បន្ថែមពីនេះ លោក ឡុង កុសល ក៏បានជម្រាបជូនអំពីគម្រោង «ដើមឈើខ្ញុំ នៅអង្គរ» ដែលគ្រោងនឹងរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា ក្នុងស្មារតីលើកទឹកចិត្តសាធារណជនគ្រប់រូប មានចំណែកអភិរក្សប្រាសាទបុរាណខ្មែរតាមរយៈការដាំកូនឈើក្រោមរូបភាព ចូលរួមធ្វើ ចូលរួមគិត និងចូលរួមថែរក្សា។

សូមបញ្ជាក់ថា កូនឈើដែលដាំក្នុងពិធីខាងលើសរុបចំនួន១,៥០០ដើម ដែលរួមមាន គ្រញូង៣០០ដើម, ធ្នង់២០៥ដើម, បេង១០០ដើម, នាងនួន២០ដើម, ស្រឡៅ១៥០ដើម, ឈើទាល៣០០ដើម, កកោះ៥០ដើម, ពពាល៥០ដើម និងសុគ្រំ៥០ដើម៕