ឥណ្ឌូនេស៊ី ​ក្នុង​១​ថ្ងៃ ​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ​ចំនួន​៣.៦៣៦​នាក់ ​

​ឥណ្ឌូនេស៊ី ៖ ក្រសួងសុខាភិបាល​បាន​និយាយ​នៅ​ព្រឹក​នេះ​ថា​ ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ចំនួន៣.៦៣៦ ត្រូវបានធ្វើតេស្តរកឃើញក្នុង​រយៈពេល​មួយថ្ងៃ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់ ២១៨.៣៨២ ជាមួយនឹង​ចំនួន​អ្នកស្លាប់​ថ្មី​៧៣ នាក់​នាំ​ឲ្យ​អ្នកស្លាប់​កើន​ដល់ ៨.៧២៣ នាក់​។ ​នេះ​បើ​យោងតាម​ប្រភពពី​ស៊ិន​ហួរ​។​

​យោងតាម​ក្រសួង​បានឲ្យដឹងថា ​ប្រជាជន​ចំនួន​៥៥៥២ នាក់​បន្ថែមទៀត​ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ដោយ​ធ្វើឱ្យ​ចំនួន​អ្នកជំងឺ​ដែល​បានជា​សះស្បើយ​សរុប​ចំនួន ១៥៥.០១០ នាក់​។​ វីរុស​កូ​វីដ​១៩​បាន​ឆ្លង​រីក​រាលដាល​ដល់​ខេត្ត​ទាំង ៣៤ របស់​ប្រទេស​ឥណ្ឌូនេស៊ី​។

ជាក់ស្តែង​ក្នុង​រយៈពេល​២៤ ម៉ោង​កន្លងមកនេះ ទីក្រុង​ហ្សា​ការតា​បាន​កត់ត្រា​នូវ​ករណី​ថ្មី​ចំនួន ១.៣៨០ ករណី​, កោះ​ជ្វា​កណ្តាល ២៨២, កោះ​ជ្វា​ខាងកើត ២៤៩, អា​ហ្សេ ២១២, រី​យ៉ា ២១២ និង​កាលី​ម៉ាន់​តាន​ខាងកើត ១៧៤។​ ដោយឡែក​ខេត្ត​ចំនួន២ គឺ​ខេត្ត​ឡាំ​បុ​ង ​និង​ប៉ា​ពួ​ទេ​ខាងលិចមិនមាន​ករណី​វិជ្ជមាន​ថ្មី​ណាមួយ​ត្រូវបាន​រកឃើញ​ឡើយ៕