ព្រះសង្ឃ​ចំនួន ៤៦​អង្គ គង់នៅ​វត្ត​ស្វាយដង្គំ​មាន​អការ​ក្តៅខ្លួន​៣៧,៥​អង្សា​សេ ក្អក ហៀរ​សំបោរ​

ខេត្តបាត់ដំបង​ ៖ យោងតាមមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានឲ្យដឹងថា ព្រះសង្ឃ​ចំនួន៤៦​អង្គ មាន​ព្រះជន្ម​ពី​១១-១៩​ព្រះវស្សា គង់នៅ​វត្ត​ស្វាយដង្គំ​មាន​អការ​ក្តៅខ្លួន​៣៧,៥​អង្សា​សេ ក្អក ហៀរ​សំបោរ ឲ្យ​ក្រុមគ្រូពេទ្យ​ក៏បាន​ចុះ​ពិនិត្យ​សុខភាព​និង​ព្យាបាល ​និង​ធ្វើតេស្ត​ផងដែរ​។ ការកំណត់​ស្ថានភាព​រួម​ជាបឋម​មិនមាន​ភាព​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​ត្រូវ​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​ជា​បន្ត​ទៀត​។​

​តាមប្រភពព័ត៌មានពីមន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០​នេះ​បានឲ្យ​ថា មាន​ករណី​ក្តៅខ្លួន​៣៧,៥​អង្សា​សេ ក្អក ហៀរ​សំបោរ​រយៈពេល​៦​ថ្ងៃ​ហើយ កើតមាន​ចំពោះ​ព្រះសង្ឃ​ចំនួន ៤៦​អង្គ មាន​ព្រះជន្ម​ពី​១១-១៩​ព្រះវស្សា គង់នៅ​វត្ត​ស្វាយដង្គំ ស្រុក​ឯក​ភ្នំ ដែល​និមន្ត​មកពី​តាម​ខេត្ត​នានា ដើម្បី​សិក្សា​នៅ​សាលា​ពុទ្ធិកបឋមសិក្សា ក្នុង​វត្ត​នេះ ហើយ​ទទួល​ការព្យាបាល​បាន​ធូរស្រាល​ខ្លះៗ​ហើយ​។​

​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​បាន​បន្ថែមថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន និង​ការណែនាំ​របស់​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង នៅវេលា​ម៉ោងជាង ១៩ យប់​នេះ​ក្រុមការងារ RRT មន្ទីរ​សុខាភិបាល​ខេត្ត​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត អ៊ុក វិទ្យា អនុប្រធាន​មន្ទីរ លោក​ប្រធាន​ស្រុក​ប្រតិបត្តិ​សង្កែ និង​សហការី បាន​ចុះ​ពិនិត្យ និង​យក​សំណាក​ចំនួន ២១​អង្គ ចំពោះ​ព្រះសង្ឃ​ដែល​នៅមាន​កម្តៅ ហើយ​ថ្ងៃស្អែក ក្រុមការងារ​នឹង​បន្ត​ចុះ​ក​សំណាក​ទៀត​។​

ក្រុមការងារ​បាន​ណែនាំ លោក​អាចារ្យ គណៈ​គ្រប់គ្រង​សាលា​ពុទ្ធិកៈ ឱ្យ​ចេះ​អនុវត្ត​នូវ​វិធាន​អនាម័យ​ការពារ​ខ្លួន ពាក់​ម៉ាស ឆាន់​ទឹក​ក្តៅ​។​ ការកំណត់​ស្ថានភាព​រួម​ជាបឋម​មិនមាន​ភាព​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​យើង​ត្រូវ​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​ជា​បន្ត​ទៀត ហើយ​បេសកកម្ម​ត្រូវបាន​បញ្ចប់​នៅ​ម៉ោង ២៣៕