សមត្ថកិច្ចបំបែកសំណុំរឿង​ករណី​សម្លាប់​មិត្ត​ភក្តិ​​ប្លន់​យក​ទ្រព្យសម្បត្តិ​កាលពី​៥​ឆ្នាំមុន​

​ភ្នំពេញ ៖ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ និង​បញ្ជូន​ឃាត​ករ​ម្នាក់ ដែល​ពាក់ព័ន្ធ​ករណី​ឃាតកម្ម លើ​មិត្ត​ភក្តិ​ប្លន់​យក​ទ្រព្យសម្បត្តិ​កាលពី​០៥​ឆ្នាំមុន ទៅកាន់​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់ ។ ជនសង្ស័យ ឈ្មោះ សី ផា​រ៉ា​ដា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ។

​សូមជម្រាបថា ករណី​ខាងលើនេះ​គឺ​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​រិត​.​ក​សម្លាប់​បុរស​ម្នាក់​ជា​មិត្ត​ភក្តិ​ស្គាល់គ្នា រួច​យកទៅ​បោះចោល​នៅក្នុង​គំនរ​សំរាម ក្បែរ​ប្រឡាយទឹក​មួយកន្លែង ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ រួមមាន រថយន្ដ​កា​មេ​រី​០១​គ្រឿង ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​ស៊ិ​ច​ផ្លើស និង​ណូគា​ពីរ​គ្រឿង ខ្សែក​ខ្សែដៃ និង​ចិ​ញ្ជៀ​ន​ពេជ្រ​០១​ឈុត កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៥ កន្លងទៅ ។​

​សមត្ថកិច្ច​បាន​រំលឹកថា សព​ជនរងគ្រោះ​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​នៅក្នុង​គំនរ​សំរាម ក្បែរ​ប្រឡាយទឹក​មួយកន្លែង តាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១ ក្នុងភូមិ​អូរ​បែកក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​ពុំមាន​អ្នក​ស្គាល់​អត្តសញ្ញាណ ព្រោះតែ​សាកសព​មាន​សភាព​ហើម​ប្រែ​ខុស​រូប​ដើម​។

​ក្រោយមក​ទើប​សមត្ថកិច្ច​បាន​រក​ឃើញ​អត្តសញ្ញាណ​ជនរងគ្រោះ​មានឈ្មោះ ស្រ៊ុន សុភ​ក្ដិ អាយុ ៣៥​ឆ្នាំ ទីលំនៅ ភូមិ​ព្រែ​កតា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ។ សមត្ថកិច្ច​ក៏បាន​បន្ត​ការស្រាវជ្រាវ រហូត​ឈានដល់​ការឃាត់ខ្លួន​ឃាតករ ជា​ជនដៃដល់​ម្នាក់ ឈ្មោះ សោម គឹមស៊ាន បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់​ផងដែរ។ ប៉ុន្តែ​ជនសង្ស័យ​ឈ្មោះ សី ផា​រ៉ា​ដា នេះ ក្រោយពី​ដឹងថា​បក្ខពួក​ខ្លួន ត្រូវ​អាវុធហត្ថ​ភ្នំពេញ​ចាប់ខ្លួនបាន ក៏​គេចខ្លួនបាត់​រហូត​អស់​រយៈពេល​០៥​ឆ្នាំ​ទើប​ចាប់ខ្លួនបាន​បញ្ជូនទៅ​តុលាការ​តែម្តង៕