ក្រុមហ៊ូទី បង្គាប់ឱ្យពលរដ្ឋអាមេរិក និងអង់គ្លេស ចាកចេញពីប្រទេសយេម៉ែន

ប្រភព៖​Reuters

អាឌែន៖ អាជ្ញាធររបស់ក្រុមហ៊ូទី នៅក្នុងប្រទេសយេម៉ែនបានបង្គាប់ឱ្យបុគ្គលិកជាពលរដ្ឋអាមេរិក និងអង់គ្លេស ដែលធ្វើការឱ្យអង្គការសហប្រជាជាតិ និងបណ្ដា អង្គមនុស្សធម៌មានមូលដ្ឋានក្នុងរដ្ឋធានីសាណា (Sanaa) ចាកចេញពីប្រទេសយេម៉ែន ក្នុងរយៈពេលមួយខែ។

ការសម្រេចចិត្តរបស់ក្រុមហ៊ូទី ធ្វើឡើងបន្ទាប់ពីអាមេរិក និងអង់គ្លេស ដោយមានការគំាទ្រពីសម្ព័ន្ធមិត្តរបស់ខ្លួន បានដឹកនាំការវាយប្រហារ តាមផ្លូវអាកាសលើគោលដៅយោធាជាច្រើនរបស់ក្រុមហ៊ូទី នៅប្រទេសយេម៉ែន ដើម្បីកំញើញ ក៏ដូចជាកាត់បន្ថយសមត្ថភាពរបស់ចលនាប្រដាប់អាវុធដែលមាន អ៊ីរ៉ង់ជាខ្នងបង្អែកមួយនេះ កុំឱ្យបន្តវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មនៅក្នុងតំបន់សមុទ្រក្រហមដែលពួកគេអះអាងថាមានទំនាក់ទំនងជាមួយអ៉ីស្រាអែល។

យោងតាមលិខិតមួយច្បាប់ដែលផ្ញើទៅកាន់ អ្នកសម្របសម្រួលកិច្ចការមនុស្សធម៌របស់ UN លោក Peter Hawkins ក្រសួងការបរទេសហ៊ូទីបានគូសបញ្ជាក់ដូច្នេះថា «ក្រសួង…សូមកត់សម្គាល់ថាអ្នកអាចជូន ដំណឹងដល់ក្រុមមន្ត្រី និងបុគ្គលិកជាពលរដ្ឋអាមេរិក និងអង់គ្លេស ឱ្យត្រៀមលក្ខណៈចាកចេញពីប្រទេស (យេម៉ែន) ក្នុងរយៈពេល៣០ថ្ងៃ»។ លិខិតនេះដដែល ក៏បានបង្គាប់ផងដែរដល់បណ្ដាអង្គការអន្តរជាតិនានា កុំឱ្យជួលបុគ្គលិកមានសញ្ជាតិអាមេរិក ឬអង់គ្លេស មកធ្វើការក្នុងប្រទេសយេម៉ែន៕