លោក វ៉ៅ សុខា ដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យពីវឌ្ឍនភាពការសាងសង់កំពង់ផែទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនលើកោះទន្សាយ

អត្ថបទ ៖ ទ្រី ហៀន

ខេត្តកែប៖ លោក វ៉ៅ សុខា អភិបាលរងខេត្តកែប នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងសាងសង់កំពង់ផែទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនលើកោះទន្សាយ ស្ថិតក្នុងក្រុងកែប ខេត្តកែប។

លោក វ៉ៅ សុខា បានប្រាប់ដល់សារព័ត៌មាន “ភ្នំពេញដេលី” Sapormean Phnom Penh Daily ឲ្យដឹងថា គម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយជំហាន២ រួមនិងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជា៖ ការសាងសង់ផ្លូវបេតុងមួយខ្សែប្រវែង៨៥០ម៉ែត្រ ទីតាំងអាងស្តុកទឹកចំណុះ៥០ម៉ែត្រគូបចំនួន០១ អណ្តូងស្នប់ចំនួន០២ និងការបំពាក់ម៉ាស៊ីនភ្លើង១០០ kva ចំនួន០៣គ្រឿង គឺជាកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីបម្រើដល់ប្រជាសហគមន៍លើកោះទន្សាយ។

លោកអភិបាលរងខេត្តបញ្ជាក់បន្ថែមថា គម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយជំហានទី២ បើគិតដល់ពេលនេះសម្រេចបានប្រមាណ៧០%ហើយ នឹងត្រូវបញ្ចប់នៅចុងខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។

សូមជម្រាបថា ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែទេសចរណ៍ជំហានទី២ មានគម្រោងសាងសង់ផ្លូវចាក់កៅស៊ូប្របមាត់សមុទ្រប្រវែងជាង១២គីឡូម៉ែត្រ (១២៧៥០ម៉ែត្រ) ចាប់ពីចំណុចកំពង់ផែទេសចរណ៍កោះទន្សាយ (ក្រុងកែប) ទៅភ្ជាប់នឹងផ្លូវលេខ ១៣៣២ ត្រង់ចំណុចខ្លោងទ្វារវត្តអង្កោល ស្ថិតក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

សូមបញ្ជាក់ថា ផ្លូវខាងលើនេះត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)លើគម្រោងទឹកប្រាក់ចំនួន ១០,៥០៤,០៩៤,២៦ ដុល្លារអាមេរិក បើគិតដល់ពេលនេះសម្រេចការស្ថាបនាបានប្រមាណ៩៥%ហើយ។

ក្រៅពីគម្រោងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែទេសចរណ៍កោះទន្សាយ ផ្លូវប្របមាត់សមុទ្រពីចំណុចកំពង់ផែទេសចរណ៍ទៅឆ្នេរអង្កោលប្រវែងជា១២គីឡូម៉ែត្រ(១២៧៥០ម៉ែត្រ) គឺនៅមានទីលានចាក់សំរាម និងអាងប្រតិកម្មទឹកកខ្វក់ផងដែរដែលជាកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)៕