ថ្ងៃទី១៤ ខែកញ្ញានេះ មានយានយន្ត ៥០៦គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសកម្ពុជា បានត្រួតពិនិត្យនិងផាកពិន័យលើយានយន្តសរុបចំនួន ៥០៦គ្រឿងទៀត ក្នុងនោះមានម៉ូតូ ៣៣៥គ្រឿង និងរថយន្ត ១៧១គ្រឿង។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ឯកឧត្តមបញ្ជាក់ថា រយៈពេល១៣៧ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្យលេខ៤៩ ពោលគឺថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៧០,១២៧គ្រឿង ក្នុងនោះមានម៉ូតូ ១២៦,០៨៣គ្រឿង និងរថយន្តគ្រប់ប្រភេទ ៤៤,០៤៤គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា អត់ស្លាកលេខ លើសចំណុះ ប្រើប្រាស់ទូរស័ព្ទដៃ និងស្រវឹង។ ដោយឡែកបទល្មើសសម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន លើសចំណុះ អត់ខ្សែក្រវាត់ ល្មើសសញ្ញា អត់ស្លាកលេខ ដឹកលើសទម្ងន់ អត់បណ្ណបើកបរ ប្រើប្រាស់ទូរស័ព្ទជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា រយៈពេល ១៣៧ថ្ងៃមកនេះ ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ។ ទន្ទឹមនោះ ឯកឧត្តមក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ រយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណ ដល់នគរបាលចរាចរណ៍ ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា ក៏បានកើតឡើងចំនួន ១៤លើក ក្នុងនោះស្លាប់ ៨នាក់ របួស ២០នាក់ (របួសធ្ងន់ ១៦នាក់)៕