ខណៈនេះ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង២៩.៤លាននាក់ ស្លាប់ជាង៩៣ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៩,៤៣៣,០៧៩នាក់ហើយ ខណៈអ្នកស្លាប់មានចំនួន ៩៣២,៣៨៩នាក់ និងជាសះស្បើយឡើងវិញ ២១,២៦៤,៦៤០នាក់។

គេហទំព័រដដែលបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៦,៧៤៨,៦០៦នាក់ ស្លាប់ចំនួន ១៩៨,៩៧៣នាក់ និងជាសះស្បើយចំនួន ៤,០២៤,០៧៤នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៤,៩២៦,៩១៤ នាក់ ស្លាប់ចំនួន ៨០,៨០៨នាក់ និងជាសះស្បើយ ៣,៨៥៦,២៤៦នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ៤,៣៤៩,៥៤៤នាក់ ស្លាប់ ១៣២,១១៧នាក់ និងជាសះស្បើយ ៣,៦១៣,១៨៤នាក់៕