WHO ៖ អត្រាអ្នកស្លាប់ដោយសារកូវីដ១៩ នៅអឺរ៉ុបនឹងកើនឡើងនៅខែតុលា និងវិច្ឆិកាខាងមុខ

ហ្សឺណេវ ៖ នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំអឺរ៉ុប លោក Hans Kluge បានលើកឡើងថា អត្រាអ្នកស្លាប់ប្រចាំថ្ងៃ ដោយសារ COVID-19 នៅទ្វីបអឺរ៉ុប នឹងកើនឡើងខ្លាំងក្នុងអំឡុងខែតុលា និងវិច្ឆិកាខាងមុខនេះ។ នេះបើយោងតាមសារព័ត៌មាន CNA។

លោក Hans Kluge បានលើកឡើងយ៉ាងដូច្នេះថា ៖ «ស្ថានការណ៍ (COVID-19) នឹងកាន់តែធ្ងន់ធ្ងរទៅៗ នៅខែតុលា និងវិច្ឆិកា ហើយយើងនឹងឃើញមានអត្រាមរណភាពច្រើនថែមទៀត»។ លោកសង្កត់ថា បច្ចុប្បន្ន បើទោះបីជាទ្វីបអឺរ៉ុប កំពុងរកឃើញករណីឆ្លងកើនឡើងច្រើនក៏ដោយ ក៏ប៉ុន្តែករណីស្លាប់នៅមានស្ថេរភាពនៅឡើយ។ ប៉ុន្តែ នារយៈពេលដ៏ខ្លីខាងមុខនេះ អត្រាអ្នកស្លាប់នឹងកើនឡើងខ្លាំង។

លោក Kluge បានព្រមានដល់អ្នកដែលជឿជាក់ថា វ៉ាក់សាំងនឹងបញ្ចប់វិបត្តិជំងឺ COVID-19 ផងដែរ។ លោក បន្ថែមដូច្នេះថា ៖ «ខ្ញុំបានលឺ គ្រប់ពេលថាវ៉ាក់សាំង នឹងបញ្ចប់ជំងឺរាតត្បាត។ វាជារឿងមិនពិតសោះឡើយ។ យើងមិនទាន់ប្រាកដថា វ៉ាក់សាំងនេះនឹងមានប្រសិទ្ធភាពសម្រាប់ក្រុមមនុស្ស គ្រប់ប្រភេទ ឬអត់ទេ។ យើង កំពុងតែទទួលបានសញ្ញាខ្លះថា វានឹងអាចនឹងមានប្រសិទ្ធភាពសម្រាប់ក្រុមមួយ ខណៈដែលក្រុមមួយទៀតគឺមិនមែនទេ។ ចុងបញ្ចប់ នៃជំងឺរាតត្បាត គឺជាពេលដែលយើងអាចរៀនពីរបៀបរស់នៅជាមួយវា»៕