ព្រះសង្ឃ​៤៨​អង្គគង់​នៅ​វត្ត​បឹង​ត្រស់ ខេត្តបន្ទាយមានជ័យ ក្តៅខ្លួន ឈឺក្បាល វិលមុខ សង្ស័យ​កើត​ជំងឺគ្រុន​ឈី​ក និង​ផ្តាសាយធំ

​ខេត្តបន្ទាយមានជ័យ ៖ ព្រះសង្ឃ​ចំនួន​៤៨ អង្គ​កំពុងមាន​បញ្ហា​គេ​សង្ស័យថា ​ប្រហែល​កើតជំងឺ​ផ្តាស​សាយ​ធំ ​និងជំងឺ​គ្រុន​ឈី​ក​ត្រូវបាន​ក្រុមគ្រូពេទ្យ​ជួយ​ដឹក​បញ្ជូនទៅ​មន្ទីរ​ខេត្ត​មង្គល​បូរី​សង្គ្រោះ​នៅវេលា​ម៉ោង៨​យប់ ថ្ងៃទី១៤ ខែកញ្ញា ​ឆ្នាំ២០២០។​

​លោក ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹងថា​ ព្រះសង្ឃ​ដែល​សង្ស័យ​កើតជំងឺ​គ្រុន​ឈី​ក​នោះ នៅ​វត្ត​បឹង​ត្រស់ ស្ថិតនៅ​ភូមិ បឹង​ត្រស់ ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី មាន​ព្រះសង្ឃ ជាច្រើន​អង្គមានរោគសញ្ញា គ្រុនក្តៅ ខ្លះ​ក្តៅ​ញាក់ វិលមុខ​ឈឺក្បាល និង​ពិបាក​ដកដង្ហើម​ក្រោយពី​ចេញ​រោគសញ្ញា ហើយ​លោកបាន​ចាត់​បញ្ជូនរថយន្ត​សង្គ្រោះបន្ទាន់របស់​មណ្ឌល​សុខភាពអូរ​ប្រាសាទចេញទៅ​ដឹកមក​ព្យាបាល​នៅ​ពេទ្យ​ខេត្ត​មង្គល​បូរី​អស់ហើយ​។ លោ​កបញ្ជាក់​ថា ​ព្រះសង្ឃ​សង្ស័យថា ​កើត​ជំងឺ​គ្រុន​ឈី​ក​នេះ​ចាប់ផ្តើម​កើត​នៅ​​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ​២០២០ មាន​ព្រះសង្ឃចំនួន​១៣​អង្គ ហើយត្រូវបានព្រះចៅអធិការ​បញ្ជូនទៅ​មន្ទី​ពេទ្យ​បង្អែកថ្មគោល ដោយមាន​រោគសញ្ញាក្តៅខ្លួន ឈឺក្បាល វិលមុខ និងព្រះសង្ឃចំនួន​១៣​អង្គទៀតត្រូវបាន​បញ្ជូនមក​មន្ទីរពេទ្យ​ខេត្ត​មង្គល​បូរី​។​

​លោកបន្តទៀតថា​ ក្នុងចំណោម ព្រះសង្ឃ​ចំនួន​៤៨​អ​ង្គខាងលើមិនមាន​ករណី​ធ្ងន់ធ្ងរ គួរ​ឲ្យ​កត់សំគាល់​ទេ ​ក្នុងនោះ​លោក​បានធ្វើការ​សំណូមពរ​ដល់​បងប្អូនប្រជាពលរដ្ឋ​យើង​ទាំងអស់​ប្រុង​ប្រ​យ័​ត្នអំពី​ការថែទាំ​សុខភាព ការបង្ការ​ពី​វីរុស កូ​វីដ​១៩ និងជំងឺឆ្លង​ដទៃទៀតក្នុងអំឡុងកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ពិសេស តាមវត្ត​អារាម សូម​អំពាវនាវឲ្យ​មានការរៀបចំទីកន្លែងត្រួតពិនិត្យ​សុខភាពប្រជាពលរដ្ឋ ការរក្សា​សុវត្ថិ​សង្គម អនាម័យខ្លួនប្រាណជាដើម តាម​វិធាន​ក្រសួងសុខាភិបាល ក្នុងករណី​សង្ស័យ ឬមាន​បញ្ហា​សុខភាពកើតឡើងសូម​អញ្ជើញទៅកាន់​មណ្ឌល​សុខភាព ឬមន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត ឬ​ទូរស័ព្ទ​មក​លេខ​១១៥៕