វៀតណាមកាត់ទោសប្រហារជីវិតមនុស្ស២នាក់ ចំពោះការសម្លាប់ប៉ូលិ៣នាក់ជុំវិញបញ្ហាជម្លោះដីធ្លី

ហាណូយ ៖ តុលាការវៀតណាម នៅថ្ងៃចន្ទនេះបានសម្រេចកាត់ទោសប្រហារជីវិតបងប្អូនពីរនាក់ បន្ទាប់ពីជម្លោះដីធ្លីដ៏រ៉ាំរ៉ៃបានផ្ទុះឡើងជាអំពើហិង្សា ដែលបានបណ្តាលឲ្យមន្ត្រីប៉ូលិស ៣នាក់ និងអ្នកភូមិម្នាក់បានស្លាប់។ នេះបើយោងតាមសារព័ត៌មាន CNA។

កាសែត Vietnam News បាន​និយាយថា ​បង​ប្អូនប្រុស ឈ្មោះ ​ឡេ ឌិញ កុង និងឈ្មោះ​ ឡេ ឌិញ ជុ​ក បាន​ទទួល​ទោស​ប្រហារជីវិត​ចំពោះ​តួនាទី​ពាក់ព័ន្ធ​របស់​ពួកគេ​ក្នុង​ការដុត​ប៉ូលិស​ទាំង៣នាក់​​នោះ រហូតដល់​ស្លាប់​នៅ​ភូមិ​មួយ​នៅ​ជាយក្រុង​ហាណូយកាលពី​ខែ​មករា​។​ ឪពុក​អាយុ៨៤ឆ្នាំ​របស់​បុរស​ទាំង២ នាក់​នេះ ឈ្មោះ ឡេ លិញ គិញ ជា​មនុស្ស​ចាស់​ក្នុងភូមិ​ត្រូវបាន​បាញ់សម្លាប់​នៅក្នុង​អំឡុង​ពេល​មាន​អំពើ​ហិង្សា​នោះ​។​

ដោយឡែកមនុស្ស២៧នាក់ផ្សេងទៀត ត្រូវបានកាត់ទោសឲ្យជាប់ពន្ធធនាគារខុសៗគ្នាពី១៥ខែ ទៅអស់មួយជីវិត។

គួរជម្រាបថា កាលពីខែមករាកន្លងទៅនេះ មានការប៉ះទង្គិចគ្នាមួយយ៉ាងសាហាវ រវាងអាជ្ញាធរ និងអ្នកភូមិ Dong Tam ស្ថិតជាយក្រុងហាណូយ ជុំវិញជម្លោះដីធ្លី ដោយអ្នកភូមិបានចោទប្រកាន់អជ្ញាធរថា បានរឹបអូសដីស្រែចម្ការរបស់ពួកគេដោយខុសច្បាប់សម្រាប់ សាងសង់អាកាសយានដ្ឋាន។ ការប៉ះទង្គិចនេះបានបណ្តាលឲ្យមន្ត្រីប៉ូលិស ៣នាក់និងអ្នកស្រុកវ័យចំណាស់ម្នាក់ឈ្មោះ Le Dinh Kinh បានស្លាប់។ ជម្លោះដីធ្លីនៅប្រទេសវៀតណាម គឺកើនឡើងញឹកញយណាស់ ជាពិសេសរវាងក្រុមហ៊ុននិងបុគ្គល ខណៈសេរីភាពនៃការបញ្ចេញមតិ និងការតវ៉ាត្រូវបានរឹតត្បិត៕