ឧត្តមសេនីយ៍ឯក​ ស​ ថេត​ ចុះត្រួតពិនិត្យ​ និងសួរសុខទុក្ខដោយផ្ទាល់តាមគ្រប់គោលដៅ និងប៉ុស្តិ៍នគរបាលរដ្ឋបាល

ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ដល់សុខទុក្ខរបស់មន្ត្រីដែលប្រចាំការនៅតាមបណ្តាគោលដៅ​ និងតាមប៉ុស្តិ៍នគរបាលរដ្ឋបាលនានា​ ក្នុងពិធីបុណ្យកាន់បិណ្ឌ​ និងភ្ជុំបិណ្ឌ​នេះ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញចុះត្រួតពិនិត្យ​ និងសួរសុខទុក្ខដោយផ្ទាល់តាមគ្រប់គោលដៅ​ និងប៉ុស្តិ៍នគរបាលរដ្ឋបាល​ ដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីទាំងអស់ដែលបានចូលរួមសហការជួយសម្រួលចរាចរណ៍​ រៀបចំសណ្តាប់ធ្នាប់​ និងរក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ​ ដោយមិនបានឈប់សម្រាកជួបជុំក្រុមគ្រួសារ​ ឬទៅលេងស្រុកកំណើតក្នុងពិធីបុណ្យកាន់បិណ្ឌ​ និងភ្ជុំបិណ្ឌ​នេះ​។

ក្នុងឱកាសនោះ ឯកឧត្តមស្នងការក៏បានកោតសរសើរដល់មន្ត្រីទាំងអស់ចំពោះការលះបង់ទាំងកម្លាំងកាយចិត្ត​ និងពេលវេលា​ ជាពិសេសត្រូវធានាការពារឲ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសត្រូវថែរក្សាសុខភាពដោយធ្វើអនាម័យកន្លែងធ្វើការឲ្យបានស្អាតជានិច្ច។

ក្នុងការចុះសួរសុខទុក្ខ​ និងត្រួតពិនិត្យកម្លាំងនេះឯកឧត្តម​ស្នងការ​ ក៏បាននាំយកភេសជ្ជៈ​ ទឹកបរិសុទ្ធ​ និងថវិកាមួយចំនួន​ ដើម្បីផ្តល់ជូនកម្លាំងតាមគោលដៅប្រចាំការ​សម្រួលចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់ និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលផងដែរ​៕​