តំណាងលោកជំទាវ ម៉ែន សំអន ចុះសួរសុខទុក្ខចៅសង្កាត់ស្វាយរៀងដែលមានជំងឺកំពុងសម្រាកមន្ទីរពេទ្យខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់សមាជិកបក្សពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជចុះជួយខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានចាត់ឲ្យលោក កែរ រដ្ឋា ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់ស្វាយរៀង ចុះទៅសួរសុខទុក្ខ និងនាំអំណោយជូនលោក គង់ សារូ ចៅសង្កាត់ស្វាយរៀងដែលមានជំងឺបំពង់ក និងជំងឺសួតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។

លោក កែរ រដ្ឋា បានថ្លែងពាំនាំនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀងដែលជានិច្ចកាលលោកជំទាវ​តែងតែនឹករលឹកដល់សមាជិកសមាជិការបស់គណបក្ស ជាពិសេសចំពោះសមាជិកបក្សដែលមានជីវភាពខ្វះខាត និងមានជំងឺសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា និងចាត់ឲ្យក្រុមការងារ រឺលោកជំទាវចុះផ្ទាល់នាំអំណោយជាថវិកា និងសម្ភារដើម្បីចែកជូនផងដែរ។

លោកបានបញ្ជាក់ថា មានតែសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលជានិច្ចជាកាលតែងតែគិតគូរពីសុខទុក្ខ, ការលំបាក, សេចក្តីត្រូវការ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងតែងតែនៅជាប់ជាមួយប្រជាជនគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។

ជាមួយគ្នានេះដែរ លោក កែរ រដ្ឋា ក៏បានជំរុញដល់ក្រុមគ្រូពេទ្យទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការព្យាបាលអ្នកជំងឺ និងជាពិសេសចំពោះលោក គង់ សារូ ដែលជាចៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀងរបស់គណបក្សប្រជាជនកម្ពុជាជាប់ឆ្នោតជាច្រើនអាណត្តិមកហើយ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្ត។ ទន្ទឹមនោះ លោកសូមឲ្យលោកចៅសង្កាត់ត្រូវប្រតិបត្តិតាមវេជ្ជបញ្ជារបស់គ្រូពេទ្យក្នុងការពិសាថ្នាំឲ្យបានទៀងទាត់ឆាប់ជាសះស្បើយដើម្បីបន្តការងារជាចៅសង្កាត់ស្វាយរៀងក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត។

សូមជម្របថា អំណោយរួមមាន ៖ ទឹកដោះគោឆៅ២ឡូ មី១កេស ទឹកផ្លែឈើ១កេស និងថវិកា ៥០០,០០០រៀល។

សូមបញ្ជាក់ថា បន្ទាប់ពីចុះសួរសុខទុក្ខ និងនាំអំណោយទៅចែកជូនដល់លោកចៅសង្កាត់ស្វាយរៀងរួចមកលោក កែរ រដ្ឋា បានដឹកនាំក្រុមការងារទៅចូលរួមរំលែកទុក្ខសពភរិយារបស់លោករស់ ឆាយសមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀងដែលបានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះផងដែរ៕ ដោយ ៖ ភក្តី