ពូទីន៖ ចង់ឱ្យរុស្ស៉ីចាញ់ក្នុងសង្រ្គាមអ៊ុយក្រែន មិនអាចទៅរួចឡើយ
ប្រភព៖ AFP
មូស្គូ៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រាប់អ្នកកាសែតអាមេរិក លោក Tucker Carlson ក្នុងបទសម្ភាសន៍មួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈថាលោកខាងលិចគួរតែយល់ថាវាមិនអាចទៅរួចឡើយ ដើម្បីបំបាក់រុស្ស៉ីឱ្យចាញ់ក្នុងសង្រ្គាមអ៊ុយក្រែន។
នៅក្នុងបទសម្ភាសន៍នោះ លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា បច្ចុប្បន្ន លោកខាងលិចភ្ញាក់ដឹងខ្លួនថារុស្ស៉ីនឹងមិនអាចចាញ់ ទោះបីជាសហរដ្ឋអាមេរិក និងអឺរ៉ុប រួមទាំង NATO ជួយដល់អ៊ុយក្រែនក៏ដោយ។ ទន្ទឹមនោះ លោក ក៏បានលើកឡើងដែរថាកិច្ចព្រមព្រៀងមួយអាច នឹងត្រូវសម្រេចបាន ពាក់ព័ន្ធនឹងអ្នកកាសែតអាមេរិក លោក Evan Gershkovich ដែលកំពុងជាប់ឃុំនៅរុស្ស៉ី។
ជាសារមួយផ្ញើទៅកាន់សភាទាំង២របស់សហរដ្ឋអាមេរិក លោក ពូទីន បាននិយាយថាវ៉ាស៊ីនតោនត្រូវតែបញ្ឈប់ការផ្ដល់អាវុធ បើចង់ឱ្យ សង្រ្គាមនៅអ៊ុយក្រែនបញ្ចប់។ លោក ពូទីន បន្ថែមថាប្រសិនបើអ្នកពិតជាចង់បញ្ឈប់ការប្រយុទ្ធគ្នា អ្នកចាំបាច់ត្រូវតែបញ្ឈប់ការផ្គត់ផ្គង់អាវុធ ឱ្យអ៊ុយក្រែន៕