សម្តេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់ខ្ពស់អភិវឌ្ឍលើវិស័យកីឡាឱ្យកាន់តែរីកចម្រើន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកីឡាបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងកីឡាការិនីឱ្យកាន់តែខ្លាំងពូកែបន្ថែមទៀតក្នុងការប្រកួតដណ្តើមជ័យជម្នះជូនជាតិមាតុភូមិ។

សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បាន និងកំពុងយកចិត្តទុកដាក់អភិវឌ្ឍលើវិស័យអប់រំកីឡា តាមរយៈការជំរុញការលើកទឹកចិត្ត និងការផ្តល់ការឧបត្ថម្ភគាំទ្រក្នុងរូបភាព ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការគាំទ្រលើការលេងកីឡា និងការបំពាក់ឧបករណ៍កីឡានៅតាមទីសាធារណៈដើម្បីបំផុសប្រជាជនឱ្យស្រឡាញ់កីឡា និងលេងកីឡា។

បើតាមសម្តេចធិបតី វិស័យកីឡានាពេលបច្ចុប្បន្នមានការរីកចម្រើន និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមកម្ពុជា ដោយកីឡាត្រូវបានមហាជនទទួលស្គាល់គាំទ្រពីពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈដោយមិនគិតពីពណ៌សម្បុរ និងនិន្នាការនយោបាយ។ បន្ថែមពីនេះវិស័យកីឡា ក៏បានរឹតចំណងទំនាក់ទំនងការទូតជាមួយបណ្តាប្រទេស។

សម្តេចធិបតី សង្ឈឹមថា កីឡាករ និងកីឡាការិនីនឹងបន្តខិតខំប្រឹងប្រែង ជាប់មិនដាច់ក្នុងការហ្វឹកហាត់សមត្ថភាពនៅក្នុងការត្រៀមខ្លួនប្រកួតលើកក្រោយៗទៀតក្នុងការដណ្តើមមេដាយឱ្យកាន់តែច្រើនបន្ថែមទៀតជូនមាតុភូមិកម្ពុជា។

ជាមួយគ្នានេះសម្តេចនាយករដ្ឋមន្ត្រីបានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការ ត្រូវបន្តគាំទ្រលើវិស័យកីឡា កីឡាករ និងកីឡាការិនីទាំងផ្នែកស្មារតី និងថវិកា ជាពិសេសអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធបន្តចួលរួមឧបត្ថម្ភគាំទ្រដល់វិស័យអប់រំឱ្យកាន់តែរីកចម្រើន និងមាននិរន្តភាព។ ទន្ទឹមនោះ សម្តេចធិបតីបានណែនាំឱ្យក្រសួងអប់រំបន្តពង្រឹងការប្រកួតជើងឯកជាតិ និងអន្តរជាតិ និងការប្រកួតកីឡាថ្នាក់ជាតិដើម្បីអភិវឌ្ឍសមត្ថភាពកីឡាករ និងកីឡាការិនីកាន់តែប្រសើរ និងជ័យជម្នះបន្ថែមទៀត។

សម្តេចធិបតីបានថ្លែងបែបនេះនៅក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់ជ័យលាភីមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក ជើងឯកអាស៊ីអាគ្នេយ៍ ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤៕