ប្រធានាធិបតីបារាំងស្នើឱ្យសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនទាំងអស់កុំឱ្យមានភាពកំសាក

ប្រភព៖ AFP

ប្រាក៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានទទូចដល់សម្ព័ន្ធមិត្តទាំងអស់របស់អ៊ុយក្រែន កុំឱ្យធ្វើជាមនុស្សកំសាកនៅក្នុងការគាំទ្រប្រទេសមួយនេះប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។

ថ្លែងចេញពីសាធារណរដ្ឋឆែក ក្នុងទស្សនកិច្ចដើម្បីជំរុញផែនការទិញអាវុធនៅខាងក្រៅអឺរ៉ុបសម្រាប់អ៊ុយក្រែន លោក ម៉ាក្រុង បានគូសបញ្ជាក់ថាយើងប្រាកដជាអាចធ្វើបានថាអឺរ៉ុប មិនចាំបាច់ក្លាយជាមនុស្សកំសាក។

ថ្លែងនៅក្រោយជំនួបជាមួយសមភាគីប្រធានាធិបតីឆេក លោក Petr Pavel ប្រធានាធិបតីបារាំង លោក Macron លើកឡើងជាសំណួរថា៖ “តើនេះមិនមែនជាសង្គ្រាមរបស់យើងទេឬ? យើងអាចមើលពីចម្ងាយដោយជឿជាក់ថា អ្វីៗត្រូវទៅតាមដំណើរបែបនេះឬ?”

គួរបញ្ជាក់ថា សម្ព័ន្ធមិត្តរបស់បារាំងភាគច្រើនថ្លែងថា រដ្ឋាភិបាលរបស់ខ្លួននឹងមិនបញ្ជូនទាហានរបស់ខ្លួនទៅអ៊ុយក្រែនទេ ដែលការលើកឡើងនេះបន្ទាប់ពីមានការស្នើដោយលោក Macron កាលពីថ្ងៃទី២៦ ខែកុម្ភៈកន្លងទៅ។ យ៉ាងណាមិញ សហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃអង្គារកន្លងទៅថា អ៊ុយក្រែនពុំធ្លាប់ស្នើឱ្យមានការដាក់ពង្រាយកងទ័ពរបស់លោកខាងលិចនៅលើទឹកដីរបស់ខ្លួនឡើយ។

ដោយឡែក រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រធានាធិបតីបារាំងថា សំដីរបស់មេដឹកនាំបារាំងរូបនេះជាសម្ដីដែលមិនមានប្រយោជន៍។ ក្រោយជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិស៊ុយអែតនៅឯរដ្ឋធានី Stockholm លោក Boris Pistorius ថ្លែងថា៖ “មែនទែនទៅ! វាគ្មានភាពចាំបាច់ណាមួយឡើយក្នុងការជជែកវែកញែកពីភាពក្លាហានតិច ឬក្លាហានខ្លាំងក្នុងកាលៈទេសៈនេះ។ ការជជែកអំពីបញ្ហានេះមិន​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ដែល​យើង​ប្រឈមមុខក្នុងការផ្តល់ជំនួយទៅកាន់អ៊ុយក្រែននោះទេ”៕