អ្នកជំនាញការអាយស៊ីស៊ី-អង្គរ ចុះពិនិត្យការងារតាមការដ្ឋានក្នុងតំបន់រមណីយដ្ឋានអង្គរ

ខេត្តសៀមរាប៖ អ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្ដអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ចុះពិនិត្យការងារតាមការដ្ឋានមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ រួមមាន ស្ពានហាលខាងលិចមុខប្រាសាទអង្គរវត្ត្ត ច្រាំងកសិន្ធុខាងជើងឆៀងខាងកើត ខ្លោងទ្វារខាងកើត បង្កាន់ដៃនាគខាងត្បូង រួតទី២ ប៉មខាងជើងឆៀងខាងកើត ស្រះទឹកខាងត្បូង ប្រាសាទតាព្រហ្មកិល និងប្រាសាទភ្នំបាខែង។

ការចុះពិនិត្យនេះ ធ្វើឡើងដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុល អភិរក្សនានា និងផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញខ្មែរអំពីកិច្ចការផ្សេងៗដែលកំពុងធ្វើ នឹងត្រៀមទៅពេលអនាគត៕