រដ្ឋបាលខេត្តក្រចេះហាមឃាត់ការធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍ឆក់ត្រី មងក្រឡាធំ និងសន្ទូចរនងនៅក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ

អត្ថបទ៖ ស៊ាន ច័ន្ទដា

ខេត្តក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ការធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍ឆក់ត្រី មងក្រឡាធំ និងសន្ទូចរនងនៅក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តក្រចេះ។

នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះបានបញ្ជាក់ថា ការចេញហាមឃាត់បែបនេះដោយនាពេលកន្លងមក រដ្ឋបាលខេត្តបានសង្កេតឃើញថា សត្វផ្សោតរស់នៅតាមដងទន្លេមេគង្គ ជាពិសេសរស់នៅតំបន់អន្លង់ផ្សោតកាំពី និងជ្រោយបន្ទាយ ភាគច្រើនបានរងការស្លាប់ដោយការប្រើប្រាស់ ឧបករណ៍នេសាទហាមឃាត់ដូចជា អាំងវែកទ័រឆក់ត្រី មងគ្រប់ប្រភេទ និងសន្ទូចរនងនៅក្នុងកន្លែងដែលផ្សោត រស់នៅ ពិសេសអន្លង់ផ្សោតកាំពី និងជ្រោយបន្ទាយ ដោយអ្នកនេសាទបានលួចប្រព្រឹត្តនៅពេលយប់ ទោះបីជាមន្ត្រីជំនាញ ឆ្មាំទន្លេ អាជ្ញាធរពាក់ព័ន្ធ និងសហគមន៍នេសាទខិតខំទប់ស្កាត់ និងបង្ក្រាបជាច្រើនករណីមកហើយក្ដី ដែលសកម្មភាពល្មើសច្បាប់ទាំងនេះ គឺធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានជលផល ជាពិសេសសត្វផ្សោតទន្លេ មេគង្គដែលជារតនៈសម្បត្តិធម្មជាតិមានជីវិតដ៏ពិសិដ្ឋរបស់ជាតិ៕