មន្រ្តី​ជាន់​ខ្ពស់​ក្រសួងមហាផ្ទៃ ផ្តាំផ្ញើអាជ្ញាធរ ត្រូវយកចិត្តទុកដាក់រក្សា​ សន្តិសុខសណ្តាប់ធ្នាប់ ដែលជារឿងសំខាន់ មិនអាចខ្វះបាន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែមីនា ២០២៤នេះ នៅសាលារាជធានីភ្នំពេញ ឯកឧត្ដម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីអភិបាលខណ្ឌ កងកម្លាំងចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត។

នាឱកាសនោះ ឯកឧត្ដម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា ការតែងតាំងលោកឯក ឃុន ដឿន អភិបាលខណ្ឌឫស្សីកែវ ជាអភិបាលរងរាជធានីភ្នំពេញនាពេលនេះ គឺក្រោយពីរាជរដ្ឋាភិបាលបានពិនិត្យឃើញពីសមត្ថភាពរបស់លោក ដើម្បីឱ្យលោកបានចូលរួមអភិវឌ្ឍន៍រាជធានីភ្នំពេញឱ្យរីកចម្រើនថែមទៀត។ ឯកឧត្ដមបន្តទៀតថា ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជារឿងសំខាន់មិនអាចខ្វះបាន ដែលយើងទាំងអស់គ្នាត្រូវរួមសហការគ្នារក្សាឱ្យបាន ពិសេសគឺរក្សា សន្តិភាព បើគ្មានសន្តិភាពទេ កុំថាឡើយអភិវឌ្ឍក្រុង សូម្បីតែអង្គុយជុំគ្នាដូចពេលនេះ ក៏មិនមានដែរ។ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពជាប់ជាប្រចាំ ពិសេសបង្រ្កាប ល្បែងស៊ីសងគ្រប់ប្រភេទ ការជួយដូរមនុស្សគ្រប់ទម្រង់ និងការបង្ក្រាបគ្រឿងញៀន ពិសេសនៅតាមក្លឹបកំសាន្ត។ ពិសេសថែមទៀតនោះ លោកចង់ឱ្យវិស័យឯកជនវិនិយោគលើចតចំណតយានយន្ត ព្រោះថា ការវិនិយោគលើវិស័យនេះវានិងកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍។

ដោយសាររាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនខ្លាំងលើវិស័យសំណង់ ដូច្នេះឯកឧត្តមក៏បានជំរុញឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងទៅលើច្បាប់សំណង់ ពោលគឺសំណង់ត្រូវតែមានច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវ។

សូមបញ្ជាក់ថា ឯកឧត្ដម ឯក ឃុន ដឿន អភិបាលខណ្ឌឫស្សីកែវ ត្រូវបានប្រកាសតែងតាំងជាអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញជំនួសឯកឧត្ដម ស៊ុយ សេរិទ្ធ ដែលត្រូវឱ្យទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ៕