សង្វៀនបញ្ជល់មាន់ដុះស្លែដ៏ល្បីរបស់លោក ម៉ាប់ នៅភូមិដំណាក់ធំ៣ ចាប់កម្រើកទៀតហើយ

ភ្នំពេញ ៖ សង្វៀនបញ្ជល់មាន់ និងអាប៉ោងដ៏ល្បីល្បាញនៅម្តុំសេះស ផ្លូវឌួងងៀប ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលគេស្គាល់ថា ម្ចាស់ង្វៀនខាងលើនេះមានឈ្មោះ ម៉ាប់ និងចែសុខលី ហៅស្រីម៉ៅ។

បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងស្វៀនខាងលើនេះបានដំណើរការឡើងវិញរយៈពេល២ថ្ងៃមកហើយ ប៉ុន្តែមិនដឹងថា តើលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោក ម៉េង វិមានតារា អធិការខណ្ឌ ដេកលក់មិនដឹង ឬដឹងដែរតែមិនបង្ក្រាប។

សូមបញ្ជាក់ថា ទីតាំងសង្វៀនបញ្ជល់មាន់ និងអាប៉ោងខាងលើនេះត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការចុះបង្ក្រាបជាច្រើនដងមកហើយ ប៉ុន្តែនៅតែអាចឈរជើងបានយ៉ាងរឹងមាំ និងដំណើរការបានយ៉ាងរលូនមិនដឹងថា តើមន្ត្រីអាជ្ញាធរ ឬសមត្ថកិច្ចថ្នាក់ណាខ្លះ ដែលពាក់ព័ន្ធទទួលសំណែនពីម្ចាស់ង្វៀនឈ្មោះ ម៉ាប់ និងចែសុខលី ហៅស្រីម៉ៅ ទើបបិទបើកៗបែបនេះ។

អធិការខណ្ឌមានជ័យ លោកវរសេនីយ៍ឯក ម៉េង វិមានតារា មិនអាចទំនាក់ទំនងបានទេនៅរសៀលថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ព្រោះទូរស័ព្ទខលចូលតែមិនលើក។ ចំណែកអភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី ក៏មិនអាចសុំការអត្ថាធិប្បាយបានដែរ នៅរសៀលថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ពាក់ព័ន្ធទីតាំងសង្វៀនបញ្ជល់មាន់ខាងលើនេះ ព្រោះទូរស័ព្ទខលចូលតែមិនលើក។

ដោយឡែកស្នងការរងទទួលបន្ទុកខណ្ឌមានជ័យ លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ក៏មិនអាចទំនាក់ទំនងដើម្បីសុំការបំភ្លឺបានដែរ គិតត្រឹមម៉ោងផ្សាយនេះ ព្រោះទូរស័ព្ទខលចូលតែមិនលើក។

ទោះជាយ៉ាងណាប្រជាពលរដ្ឋសូមអំពាវនាវដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏ដូចជាឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជួយដុះក្អែលមន្ត្រីថ្នាក់ក្រោម និងចាត់វិធានការលើទីតាំងសង្វៀនបញ្ជល់មាន់ និងអាប៉ោងដុះស្លែរបស់ឈ្មោះ ម៉ាប់ និងចែសុខលី ហៅស្រីម៉ៅ នៅចំណុចសេះសនេះផង ប្រយោជន៍ទប់ស្កាត់ការចម្លងនៃការរីករាលដាលនូវជំងឺកូវីដ-១៩ និងការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម ស្របតាមគោលការណ៍៩ចំណុចភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

អង្គភាពព័ត៌មាន “ភ្នំពេញដេលី” នឹងបន្តតាមដានតទៅទៀត ពាក់ព័ន្ធទីតាំងសង្វៀនបញ្ជល់មាន់ខាងលើនេះ៕ ដោយ ៖ នាយស្មោញ